នៅខេត្តសៀមរាប តាមទីវត្តអារ៉ាម លំនៅឋាន មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ គ្រឹះស្ថាន វិទ្យាល័យ សាលារៀន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីគោរពសក្ការ: ជាច្រើន បានបន្តកាន់ទុក្ខ អុជទានធូប ថ្វាយកម្រងផ្កា សូត្រមន្ត បង្សុកូល ស្មឹងស្មាធិ៍ គោរពដឹងគុណ ចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ។ សម្រាប់ថ្ងៃនេះនៅខេត្តសៀមរាប ព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ បាននាំគ្នាបន្តកាន់ទុក្ខ ប្រកបដោយភាពក្តុកក្តួល រំជួលចិត្ត ក្រៀមក្រំ ព្រមទាំងមានការបង្ហូរទឹកភ្នែក ខ្សឹកខ្សួលដ៏រន្ធត់រកទីបំផុតគ្មាន ចំពោះការសោយព្រះទិវង្គត របស់ព្រះអង្គ។
ពិសេសនៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តបានបន្តរៀបចំ សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណ:ជនទូទៅ បានកាន់ទុក្ខ គោរពដឹងគុណ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ នៅព្រះរាជដំណាក់ ខេត្តសៀមរាប ជិតព្រះអង្គចេក ព្រះអង្គចម។ ថ្ងៃនេះ នៅព្រះរាជដំណាក់ មានវត្តមានរបស់ លោក ចន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៊ុន ថារិទ្ធ អភិបាលរងខេត្ត រួមជាមួយ លោក លោកស្រី ដែលជាមន្ត្រីរាជការ អាជ្ញាធរ មួយចំនួនទៀតផងដែរ។ អ្នកចូលរួមភាពច្រើន បានផ្ដិតយកនូវរូបភាពរបស់ខ្លួន ជាមួយ ព្រះឆាយាល័ក្ខណ៍ ព្រះមហាវីរក្សត្រ និងបានសរសេរចារិក លើសៀវភៅក្រាំងមាសផងដែរ។
លោក ប៊ុន ថារិទ្ធ បានមានប្រសាសន៍ ឲ្យអ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិល យើងដឹងថា នៅថ្ងៃ ៤កើត ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងែទី១៩ ខែតុលា ឆ្នាំ២០១២ស្អែកនេះ នៅរសៀលម៉ោង៣ និង៣០នាទី អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំការប្រារព្ធព្រះរាជពិធីថ្វាយបង្គំ ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រខ្មែរ និងសូត្រមន្ដ បង្សុកូល កាន់ទុក្ខ នៅព្រះរាជដំណាក់ ខេត្តសៀមរាប។
លុះព្រឹកស្អែកឡើង នៅថ្ងៃ ៥កើត ត្រូវនឹងថ្ងៃទី២០ ខែឆ្នាំដដែល នឹងមានពិធីរាប់បាត្រ ព្រះសង្ឃ ៩០អង្គ ដើម្បីឧទ្ទិសព្រះកុសល ជូនចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ហើយពិធីទាំងប៉ុន្មានថ្ងៃនេះ និងជាបន្តបន្ទាប់ គឺជាការនិមន្ដ គោរព អញ្ជើញ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណ: ជនទូទៅ ចូលរួមកាន់ទុក្ខ ដោយក្ដីគោរព ដឹងគុណ ប្រកបដោយសេចក្ដីជ្រះថ្លាក្នុងមហាកុសល រៀងៗព្រះអង្គ រៀងៗខ្លួន កុំបីអាក់ខានឡើយ (សូមមេត្ដាបន្ដទស្សនារូបភាព)៕