Posted by : KmengWat วันอาทิตย์ที่ 28 ตุลาคม พ.ศ. 2555


ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ខួប​ទី៨ឆ្នាំ ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​ របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី២៩តុលា​ស្អែក​នេះ។ ប៉ុន្តែឆ្នាំនេះខួប​នៃ​ ការឡើង​គ្រង​រាជសម្បត្តិ ​បាន​ប្រព្រឹត្តទៅ​ចំពេល ​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរាជ​បរមសព​ របស់​សម្តេច​ឳ ។ ការផ្ទេរ​រាជសម្បត្តិ​ឲ្យ​ទៅ​ព្រះរាជបុត្រ​កាលពី៨ឆ្នាំមុន​ត្រូវបាន​លោកនាយក ​រដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកជា​សមិទ្ធផល​ធំធេង​មួយទៀត​របស់​អង្គ​សម្តេច​ឳ​ ក្នុងការ​បញ្ចៀស​វិបត្តិ​រាជបល្ល័ង្ក​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ។
ថ្ងៃ អាទិត្យ 28 តុលា 2012
ដោយ ប៉ែន បូណា
RFI
ព្រះមហាក្សត្រខ្មែរ​នរោត្តម​ សីហមុនី​ និង​ព្រះមាតា​ មុនីនាថ សីហនុ (REUTERS/Samrang Pring)
សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
(02:42)
ជា​រៀងរាល់ថ្ងៃទី២៩តុលា​ ចាប់​ពីឆ្នាំ ២០០៥ មក កម្ពុជា​តែង​ប្រារព្ធ​ខួប​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ឲ្យ​ឡើង​គ្រង​ រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ថ្ងៃទី២៩តុលា​ឆ្នាំ ២០០៤ បន្ទាប់ពី​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានដាក់​រាជ​នៅ​ដើមខែ​តុលា​ដដែល​នោះ។

ប៉ុន្តែ ខួប​ទី៨ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ​នៅ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ចំ​ពេលដែល​ព្រះរាជវាំង និង​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​ព្រះ​បរមសព​របស់​អង្គ​សម្តេច​ឳ។ ការ​ប្រារព្ធ​ខួប​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​ជួន​ចំពេល​នៃ​ការ​សោយ​ទិវង្គត ​របស់​អង្គ​សម្តេច​ឳ​នៅពេលនេះ​ជា​ឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​អំពី​សមិទ្ធ​ផល​ដ៏​ធំ​មួយទៀត​របស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ សមិទ្ធផល​ដ៏​ធំ​នោះ​គឺ​ការផ្ទេ​រាជសម្បត្តិ​របស់​ព្រះអង្គ​កាលពី​ឆ្នាំ ២០០៤ ដែល​អាច​បញ្ចៀស​វិបត្តិ​រាជបល្ល័ង្ក​នៅពេលនេះ។

ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ក្នុង​ ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ព្រះរាជតម្រិះ​របស់​អង្គ​សម្តេច​ឳ​ដែល​ ព្រះអង្គ​បានរៀបចំ​ទុកជាមុន​នូវ​ការផ្ទេរ​រាជសម្បត្តិ​ដោយ​រលូន​មុន​ពេលដែល​ ទ្រង់​សោយ​ទិវង្គត។ ប្រសិនបើ​មិន​ដូច្នេះ​ទេ វិបត្តិ​រាជបល្ល័ង្ក​នឹង​កើតឡើង​ធំធេង​ពិបាក​ដោះស្រាយ​នៅពេលនេះ​ជាមិនខាន ពី​ព្រោះតែ​រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​ជ្រើសរើស​មហាក្សត្រ​ថ្មី​រយៈពេល​ តែ៧ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ព្រះមហាក្សត្រ​ចាស់​សោ​ទិវង្គត។

ព្រះករុណា​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី១៥ តុលា នៅឯ​មន្ទីរពេទ្យក្រុង​ប៉េកាំង​ប្រទេស​ចិន​ពោលគឺ៨ឆ្នាំ ក្រោយពី​ការផ្ទេ​រាជសម្បត្តិ​ទៅ​ឲ្យ​ព្រះរាជបុត្រ។ ព្រះរាជ​បរមសព​រប​ស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់​កម្ពុជា​វិញ​កាលពី​ ថ្ងៃទី១៧តុលា​ដែលមាន​មហាជន​ខ្មែរ​រាប់លាន​នាក់​ចូលរួម។ បច្ចុប្បន្ន ព្រះ​បរមសព​ត្រូវបាន​តម្កល់​ក្នុង​ព្រះបរមរាជវាំង​រហូត​ដល់​រយៈពេល​បី​ខែ​ ដើម្បី​ឲ្យ​មហាជន​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។

នៅ​ថ្ងៃអាទិត្យ​នេះ ព្រះរាជ​បុត្រា​ទី២នៃ​មហាក្សត្រ ស៊ុ​លត​ង់ និង​ជា​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​យ នៃ​ប្រទេស​ព្រុយណេ ដា​រូ​សា​ឡឹម បាន​យាង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​នៅក្នុង​ព្រះបរមរាជវាំង​ ក្រុងភ្នំពេញ។ ព្រះ​បរមសព​សម្តេច​ឳ​ត្រូវគេ​គ្រោង​នឹង​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ ដើមខែ​កុម្ភៈ​ខាងមុខនេះ​។ មុនការសោយទិវង្គត ព្រះអង្គ​បាន​រៀបចំ​ជាស្រេ​ចអំពីអនាគតរាជបល្ល័ង្ក៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -