ព្រះសង្ឃ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវ និងនៅក្នុងទីវត្តអារាមនាទីក្រុងសៀមរាប ដើម្បីចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ សម្ដេចព្រះ នរោត្ដម សីហនុ កាលពីរសៀលថ្ងៃពុធ ទី១៧ ខែតុលា។
RFA/Hang Savyouth
ក្បួនដង្ហែរបស់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅតាមដងផ្លូវនៃទីក្រុងសៀមរាប ដើម្បីចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
អ្នកចូលរួមមរណទុក្ខទាំងអស់ សុទ្ធតែដាក់ក្រណាត់ខ្មៅសញ្ញាកាន់ទុក្ខនៅនឹងដើមទ្រូងខាងឆ្វេង ហើយនៅក្នុងដៃមានកាន់ផ្កា ទៀន និងធូបដោយទឹកមុខក្រៀមក្រំ។ ចំណែកឯក្រុមព្រះសង្ឃ បានសូត្រធម៌ឥតឈប់ ព្រមទាំងមានសំឡេងគងមូងបន្លឺឡើងម្តងៗ។
ទាំងប្រជារាស្ត្រ និងមន្ត្រីរាជការ ព្រមទាំងព្រះសង្ឃដែលបានចូលរួមដង្ហែក្បួនមរណទុក្ខ បានសម្ដែងការសោកស្ដាយចំពោះការយាងចូលទិវង្គតរបស់ព្រះមហា វីរក្សត្រខ្មែរ។ ប្រជាពលរដ្ឋខ្លះបាននិយាយថា ប្រសិនបើគេអាចកាត់ជីវិតរបស់ពួកគេម្នាក់បន្តិចៗបាន ហើយជួយព្រះអង្គឱ្យមានព្រះជន្មឡើងវិញ គឺពួកគេព្រមលះបង់ដោយមិនស្ដាយស្រណោះឡើយ។
ព្រះសង្ឃ៖
«ពរ ប្រៀបដូចជាបាត់វត្ថុដ៏មានតម្លៃ ដែលយើងមិនអាចកាត់ថ្លៃបាន។ សោកស្ដាយ ពីព្រោះថា ប្រទេសកម្ពុជាទាំងមូល គោរពស្ញប់ស្ញែងនូវស្នាព្រះហស្ត ការទាមទារឯករាជ្យមកឱ្យខ្មែរ បូរណភាពទឹកដីទាំងមូល អីចឹងការបាត់បង់ព្រះអង្គ គឺជាអគ្គបុគ្គលដ៏ឆ្នើមក្នុងប្រទេសកម្ពុជា»។
ស្ត្រី៖
«ខ្ញុំស្រឡាញ់ឪ សុខចិត្តថ្វាយជីវិត សុខចិត្តបន្ថយជីវិតបន្តិចៗម្នាក់ បើថាអាយុខ្ញុំ ១០០ឆ្នាំ ឱ្យនៅសល់តែ ៧០ឆ្នាំ ក៏ខ្ញុំយកដែរ ឱ្យតែឪរស់ឡើងវិញ។ ឪជួយកូនគ្រប់ពេលគ្រប់វេលាទាំងអស់»។
ប្រជាពលរដ្ឋខ្មែរ ស្រី ប្រុស ចាស់ក្មេងជាច្រើន ចូលរួមដង្ហែក្បួនមរណទុក្ខ ព្រះមហាវីរក្សត្រ នៅក្នុងទីក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ RFA/Hang Savyouth
បុរស៖
«ព្រះករុណាខ្ញុំ! ខ្ញុំបាទសូមឧទ្ទិសបរមកុសលទាំងអស់ថ្វាយដល់វិញ្ញាណក្ខន្ធសម្ដេចឪ សម្ដេចតា សម្ដេចតាទួត។ សូមព្រះអង្គបានសោយសុខនៅព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ស្ត្រី៖
«ក្នុងចិត្តរបស់នាងខ្ញុំ គឺក្ដុកក្ដួលបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន។ ពីមុនមក គឺខ្ញុំមានភាពកក់ក្ដៅបំផុតចំពោះព្រះអង្គ។ ខ្ញុំទុកព្រះអង្គ គឺជាឪពុករបស់នាងខ្ញុំ»។
នៅក្នុងព្រះរាជដំណាក់របស់ព្រះមហាវីរក្សត្រ នាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែតុលា គឺមានប្រជាពលរដ្ឋរាប់សិបនាក់ បាននាំគ្នាសរសេរនៅក្នុងសៀវភៅជាច្រើនក្បាល ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ទៅលើអតីតព្រះមហាក្សត្រ និងការសោកស្ដាយរបស់ពួកគេ នៅពេលដែលបាត់ព្រះវត្តមានរបស់ព្រះអង្គទៅនេះ ហើយនៅតាមវត្តអារាមក្នុងទីក្រុងសៀមរាប ដូចជា វត្តពោធិលង្កា វត្តរាជបូព៌ និងវត្តដំណាក់ ជាដើម ក៏បានរៀបចំធ្វើពិធីបង្សុកូល ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ និងចូលរួមមរណទុក្ខដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។