ក្រុងរីអូៈ ស្ទើរតែគ្រប់ផ្នែក និងគ្រប់វិស័យបានតម្រង់ទិសទៅប្រទេស ប្រេស៊ីលជាបណ្តើរៗ ហើយក្នុងឱកាសប្រកួត បាល់ទាត់ពិភពលោក World Cup លើកទី២០ដែលនឹងចាប់ផ្តើមឡើងជាផ្លូវការ
នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្នុងនោះ ដែរ “ទេសចរណ៍សិច” ជាកត្តាគួរឲ្យព្រួយបារម្ភបំផុត និងយកចិត្តទុកដាក់ជាខ្លាំង ។
ទាក់ទងទៅនឹងបញ្ហានេះដែរ លោកស្រីប្រធានាធិបតីប្រេស៊ីល ឌីលម៉ា រួស្សេហ្វ (Dilma Rousseff) បានបញ្ជាក់ យ៉ាងដាច់អហង្កា ប្រាប់គេហទំព័រ ស៊ិនហួ ថា រដ្ឋាភិបាលលោកស្រី នឹងប្រយុទ្ធប្រឆំាងចំពោះ ទេសចរណ៍ផ្លូវភេទ ក្រោយពីមាន ការរិះគន់ជាច្រើនជុំវិញ ការផ្សាយផលិតផលសំលៀកបំពាក់ ថ្មីចំនួនពីរប្រភេទរបស់ក្រុមហ៊ុន Adidas ដោយដាក់រូបភាព សិចស៊ី ស្រើបស្រាលរបស់ស្ត្រីប្រេស៊ីល ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមកកំសាន្តក្នុង ឱកាសមាសរបស់ពិភព លោកមួយនេះនៅប្រទេសស្ថិតក្នុងតំបន់អាម៉េរិកខាងត្បូងមួយនេះ (អាម៉េរិកឡាទីន) ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter លោកស្រីប្រធានាធិបតី “បានស្វាគមន៍ចំពោះអ្នកទេសចរបរទេស ទាំងអស់ ដែលនឹងមកទស្សនាប្រទេសប្រេស៊ីលក្នុងអំឡុងប្រកួតបាល់ទាត់ពិភពលោក World Cup ក្នុងឆ្នាំ ២០១៤នេះ ប៉ុន្តែ លោកស្រីសូមប្រកាសថា នឹងប្រយុទ្ធប្រឆាំងឲ្យបានចំពោះអំពើបំពុលសង្គម (ពេស្យាចារ) នានា ជាពិសេសទាក់ទងនឹង ទេសចរណ៍ផ្លូវភេទលើកុមារ ព្រមទាំងយុវវ័យត្រូវតែការពារដាច់ខាត” ។
ក្នុងការទស្សនាព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តងនេះ ភ្លៀវទេសចរបរទេសរាប់លាននាក់ត្រូវបានគេរំពឹងទុកថា នឹងហូរចូលមកក្នុងប្រទេសប្រេស៊ីលជាបន្តបន្ទាប់ ដើម្បីទស្សនាទីក្រុងចំនួន១២ទូទាំងប្រេស៊ីលក្នុងយុទ្ធនាការ ដែលជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទី៥នៅលើសកលលោកជាមួយនឹងសេដ្ឋកិច្ចដ៏រីកចម្រើនផងដែរ ។
ដូចគ្នានេះ ដែរ កាលពីឆ្នាំ២០១២ក្នុងឱកាសប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នៅប៉ូឡូញ និងអ៊ុយក្រែន មាន ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ បានចេញមកធ្វើការតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលក្នុងការធ្វើជា ម្ចាស់ផ្ទះដោយបានលើក ឡើងថា បានធ្វើឲ្យមានការកើនឡើងអំពើពេស្យាចារ និងការចំណាយលុយខ្ជះខ្ជាយ ឥតប្រយោជន៍ ៕