Posted by : KmengWat วันอังคารที่ 26 กุมภาพันธ์ พ.ศ. 2556


for delux article 
គណ ​បក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​វេទិកា​​ជួបជុំ​អ្នក​គាំ​ទ្រ​ជាថ្មី​ម្តង​ទៀត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃនេះ ទី​ដែល​គណបក្ស​ប្រឆាំង​នេះ​បាន​លុប​ចោល​ម្តង​ហើយ​ កាល​ពី​សប្តាហ៍​ កន្លងទៅនេះ។ ការ​ជួប​ជុំ​ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​​ក្បួន​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​មួយ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រ​កាស​កាលពី​ម្សិល​មិញ អំពី​ការ​ធ្វើ​ការ​ជួប​ជុំ​ឬ​បាតុកម្ម មាន​សិទ្ធិ​ដូច​គ្នា ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច​គ្នា​និង​ក្នុង​ពេល​ដំ​ណាល​ គ្នា​រវាង​អ្នក​ប្រ​ឆាំង​និង​អ្នក​គាំ​ទ្រ​រដ្ឋា​ភិ​បាល។
សេចក្តីរាយការណ៍ របស់ ញឹម សុផល
គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ពុធ​ទី២៦កុម្ភៈ​នេះ នឹង​រៀបចំ​ធ្វើ​វេទិកា​​ជួប​ជុំ​ប្រ​ជាពល​រដ្ឋ​និង​សកម្ម​ជន​របស់​ខ្លួន ដើម្បី​ជា​ការ​សំណេះ​សំ​ណាល​និង​ផ្សព្វ​ផ្សាយ​ពី​ស្ថាន​ការណ៍​ថ្មី​ៗដែល​ គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​បំពេញ។ ការ​ប្រារព្ធ​ធ្វើ​វេទិកា​នេះ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​មុន​ការ​ថ្លែង​របស់លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅនឹង​ការ​ប្រើ​ប្រាស់ សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ធ្វើ​បាតុ​កម្ម។
លោក យ៉ែម បុញ្ញ​រិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក សម រង្ស៊ី និង​លោក ​កឹម សុខា ប្រ​ធាន​និង​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ទៅ​ចូល​រួម​ទាំងពី​នាក់ ​នៅក្នុង​វេទិកា​នេះ ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ម៉ោង ២ រសៀល។ លោក​ថា ស្ថាន​ភាព​មាន​ភាព​ប្រសើរ​ជាង​កាលពី​មុន​ដែល​គណ​បក្ស​នេះ​បាន​លុប​ចោល​ការ​ ជួប​ប្រ​ជុំ​ម្តង​ហើយ​។
ទាក់ទង​ទៅនឹង​ការធ្វើ​វេទិកា​​ជួបជុំ​សកម្មជន​នៅក្នុង​ស្រុក​ត្រើយ​ស្លា  ​ខេត្តកណ្តាល​នេះ លោកផៃ ប៊ុន​ឈឿន អភិ​បាល​ខេត្ត​កណ្តាល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI ថា អាជ្ញា​ធរ​ខេត្ត​បាន​ទទួល​​លិ​ខិត​ជូន​ដំ​ណឹង​មួ​យមក​សាលា​ខេត្ត ហើយ​អាជ្ញា​ធរ​មិន​មាន​ការ​ហាម​ឃាត់​អ្វី​ទេ។ ក៏ប៉ុន្តែ​លោក អភិ​បាល​ខេត្ត បាន​ស្នើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ រក្សា​សណ្តាប់​ធ្នាប់​នៅក្នុង​មូលដ្ឋាន ស្នើ​ឲ្យ​វាគ្មិន កុំ​ប្រើ​វោហា​ស័ព្ទ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ប៉ះពាល់​ដល់​រដ្ឋា​ភិបាល ឬ​បុគ្គល​សាធារណៈ។ ជា​មួយ​គ្នា​នេះ​លោក ផៃ ប៊ុន​ឈឿន ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក​បានដាក់​កំ​លាំង​ប៉ូលិស និង​ប៉េអឹម នៅ​ខាង​ក្រៅ​វេទិកា ​ដើម្បី​សហ​ការ​គ្នា​ការពារ​សន្តិសុខ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួន​ឡើយ ។
កាលពី​ថ្ងៃ​អង្គារ​ទី២៥កុម្ភៈ​ម្សិលមិញ នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ពី​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងត្រង់ៗថា បាតុកម្ម​ពេលនេះ​មាន​ពីរ​បើ​អ្នកប្រឆាំង មាន​សិទ្ធិ​ជួបជុំ អ្នកគាំទ្រ​ក៏មាន​សិទ្ធិ​ជួបជុំ​ដូចគ្នា​ដែរ។ នៅ​ក្នុងន័យនេះ ត្រូវគេ​មើល​ឃើញថា លោកនាយក​រដ្ឋមន្ត្រី​ចង់​មានប្រសាសន៍​ពី​ការអនុញ្ញាត និង​មិន​អនុ​ញ្ញាត​​ឲ្យ​ធ្វើបាតុកម្ម ដូចៗគ្នា ក្នុងពេល​ជាមួយគ្នា ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ត្រៀម​បែងចែក​កន្លែង​ធ្វើ​បាតុកម្ម​​ជា​ពីរ។
ក៏ប៉ុន្តែ សម្រាប់​វេទិកា​​គណបក្សប្រឆាំង​នៅ​ខេត្តកណ្តាល​នាពេលនេះ គេ​នៅ​មិនទាន់​ឃើញ
មាន​គណបក្ស​ណា​ផ្សេង​ រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផង ​បាន​ស្នើសុំ​ធ្វើការ​ជួបជុំ​ដូចគ្នា
នៅ​ទីកន្លែង​តែមួយ​នៅឡើយ, នេះ​បើតាម​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាល។
តំណាង​អាជ្ញាធរ​ដែនដី​រូបនេះ​អះអាងថា លោក​នឹងមាន​ការសម្របសម្រួល​រវាង​គណបក្ស​នានា ប្រសិនបើ​មានការ​ស្នើសុំ ធ្វើការ​ជួបជុំ ចំពេល​ម៉ោង​ដូចគ្នា ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា។
សូម​បញ្ជា​ក់ថា ​វេទិកា​​ជួបប្រជុំ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺ​បានធ្វើ​ឡើងជា​លើក​ទី​ពីរ​ បន្ទាប់ពី​ការរំសាយ​កម្មវិធី​ដូចគ្នានេះ​ចោល​ កាលពី​សប្តាហ៍​មុន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​​ដដែល​នេះ។
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -