ព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានដង្ហែមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ២:៥០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
RFA/Mom Sophon
ព្រះបរមសពត្រូវបានដង្ហែតាមព្រះទីន័ង ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះមកព្រះបរមរាជវាំង នៅថ្ងៃទី១៧ តុលា ឆ្នាំ២០១២។
ពលរដ្ឋខ្មែរ មន្ត្រីរាជការ មន្ត្រីនគរបាល និងយោធា ព្រមទាំងព្រះសង្ឃសរុបជាង ៣០០ អង្គ/នាក់ បានមកធ្វើបដិសណ្ឋាកិច្ចដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមានពលរដ្ឋរាប់មឺននាក់ទៀត ឈរចាំទទួលនៅតាមដងផ្លូវ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅគ្រាដែលព្រះបរមសពនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានដង្ហែមកដល់កម្ពុជា ពីទីក្រុងប៉េកាំង ប្រទេសចិន។
ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដង្ហែព្រះបរមសពនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មកដល់ទីក្រុងភ្នំពេញ ហើយ តាមជើងយន្តហោះពិសេស អ៊ែរ៍ ឆាយណា (Air China) នៅវេលាម៉ោង ២ និង ៥០នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
នៅពេលដែលគេបានរំកិលព្រះបរមសពមកតម្កល់លើព្រះទីន័ងរូបហង្ស មាស គឺមានព្រះសង្ឃចំនួន ៩០អង្គ បានសូត្រមន្តឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលដង្ហែដោយយឺតៗឆ្ពោះទៅកាន់ព្រះបរមរាជវាំងនៅក្នុងទីក្រុង ភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១៧ ខែតុលា ថា ព្រះមហាវីរក្សត្រគឺបានដឹកនាំប្រទេសកម្ពុជា ចូលក្នុងសម័យទំនើបសតវត្សទី២១ ក្នុងការធ្វើឲ្យកម្ពុជា រីកចំរើនរុងរឿងកន្លងមក។
លោក ខៀវ កាញារីទ្ធ៖ «ហើយទោះយើងមានប្រវត្តិជូរចត់យ៉ាងក្ដី ប៉ុន្តែលោកក៏នៅតែជាស្ថាបនិកមួយនៃការឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដូច្នេះចំពោះយើង គឺប្រជាជនកម្ពុជា រូបលោកគឺជានិមិត្តរូបមួយនៃការឯកភាពជាតិ និងស្រុះស្រួល។ សុខ សេរី៖ តើបន្ទូលចុងក្រោយរបស់ព្រះករុណាអ្វីខ្លះដែលលោកចងចាំជាងគេ? លោក ខៀវ កាញារីទ្ធ៖ ចងចាំជាងគេគឺសាមគ្គីគ្នា»។
ក្រៅពីវត្តមានរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងមន្ត្រីការទូតបរទេសនានាមកចូលរួមក្នុងពិធីធ្វើបដិសណ្ឋាកិច្ច ព្រះបរមសពនៃព្រះមហាវីរក្សត្រនោះ ក៏មានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំងចំនួនជាង ៣០នាក់ បានមកចូលរួមដែរ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា យើងបាត់បង់ព្រះបិតាផ្សះផ្សាជាតិ និងព្រះបិតាបង្រួបបង្រួមជាតិ៖ «ហើយយើងក្នុងនាមជាកូនខ្មែរ ជាថ្នាក់ដឹកនាំនយោបាយ គណបក្សជំទាស់ គឺយើងសំដែងមកចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំសំដែងការសោកស្ដាយ ចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រទេសកម្ពុជាយើង ពីព្រោះព្រះមហាវីរក្សត្ររបស់យើង គឺជាព្រះបិតាឯកភាពជាតិ និងបិតាបង្រួបបង្រួមជាតិ គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រទេសកម្ពុជា យើងមកដល់ដំណាក់កាលនេះ ក៏ដោយសារតែស្នាមព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះករុណាផងដែរ»។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ិន សុផានដារី អាយុ ៤៩ឆ្នាំ មកចូលរួមដែរ បាននិយាយថា ព្រះមហាវីរក្សត្របានបន្សល់ទុកស្នាមព្រះហស្តយ៉ាងច្រើនសំរាប់កូន ចៅជំនាន់ក្រោយៗទៀត៖ «ហើយលោកសោយរាជ្យតាំងពីលោកអាយុជាង ១០ឆ្នាំ បានន័យថា លោកហ្នឹងកសាងប្រទេសតាំងពីលោកនៅក្មេង លោកជួយជាតិសម្បើមណាស់»។
អគ្គលេខាធិការរងទី១ នៃរដ្ឋាភិបាលកម្ពុជា លោក សយ សុខា បានប្រកាសព្រះរាជក្រឹត្យមួយចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ដែលបានបង្កើតគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
សកម្មភាពដង្ហែព្រះបរមសព សម្ដេចព្រះ នរោត្ដម សីហនុ ពីប្រលានយន្តហោះឆ្ពោះទៅកាន់ព្រះបរមរាជវាំង
ព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ បានដង្ហែចេញពីអាកាសយានដ្ឋានអន្តជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃពុធ ទី១៧ តុលា តាមដងវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះមកកាន់វិមានឯករាជ្យ មុននឹងឆ្ពោះទៅព្រះបរមរាជវាំង។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ កញ្ញា ទេព សុរ៉ាវី ដែលបានទៅយកព័ត៌មានផ្ទាល់នូវសកម្មភាពនៃពិធីដង្ហែព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ នៅតាមដងផ្លូវដូចតទៅ៖
តើនៅក្នុងព្រះបរមរាជវាំង មានរៀបចំពិធីអ្វីខ្លះដើម្បីទទួលព្រះបរមសព សម្ដេចព្រះ នរោត្ដម សីហនុ?
សូមស្តាប់ការសាកសួររបស់លោក សេក បណ្ឌិត ជាមួយអ្នកស្រី សុ ជីវី ដែលបានទៅយកព័ត៌មានផ្ទាល់នៅក្នុងព្រះបរមរាជវាំង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។