Posted by : KmengWat วันพฤหัสบดีที่ 18 ตุลาคม พ.ศ. 2555

មុន​នឹង​ក្រោយ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ ដង្ហែ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​ព្រះបរមរាជវាំង នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ក្មេង​ចាស់​រាប់​ម៉ឺន​នាក់ បាន​បត់​ជើង លើក​ដៃ​ប្រណម សំពះ​បួង​សួង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ក្នុង​ទឹក​មុខ​ក្រៀមក្រំ និង​យំ​សោក​សង្រេង​អាឡោះ​អាល័យ ចំពោះ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ។

RFA/Tin Zakariya
អ្នកស្រី ឡៃ ហ៊ាង រស់នៅ​ខេត្ត​កំពង់ចាម ទ្រហោយំ និង​រៀបរាប់​រឿង​អតីតកាល ក្នុង​ពេល​អ្នកស្រី​អង្គុយ​បត់​ជើង​រង់ចាំ​ទទួល​ព្រះបរមសព អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ តាម​ផ្លូវ​សហព័ន្ធរុស្សី នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១២។

អ្នកស្រី ឡៃ ហ៊ាង មាន​លំនៅឋាន​នៅ​ខេត្ត​កំពង់ចាម ដែល​អះអាង​ថា ធ្លាប់​រស់​ជាមួយ​សាច់ញាតិ​ព្រះ​រាជវង្ស​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច បាន​ទ្រហោយំ និង​រៀបរាប់​រឿង​អតីតកាល ក្នុង​ពេល​អ្នកស្រី​អង្គុយ​បត់​ជើង​រង់ចាំ​ទទួល​ព្រះបរមសព អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា តាម​ផ្លូវ​សហព័ន្ធរុស្សី។
អ្នកស្រី ឡៃ ហ៊ាង រំពឹង​ថា​នឹង​មាន​ឱកាស​ចូល​គាល់​ព្រះករុណា សម្ដេច នរោត្តម សីហនុ នាំ​យក​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នកស្រី​បាន​ដឹង និង​ធ្លាប់​រស់នៅ​ជាមួយ​បុត្រា​របស់​ព្រះអង្គ ប៉ុន្តែ​ពេល​នេះ​មិន​មាន​ឱកាស​ទៀត​ទេ។
មិន​ខុស​គ្នា​ទេ លោក​យាយ​វ័យ ៧៥ឆ្នាំ ឈ្មោះ ជុន ពៅ រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​អង្គុយ​បត់​ជើង និង​លើក​ដៃ​សំពះ​ញ័រញាក់ បាន​សម្រក់​ទឹក​ភ្នែក​សោកស្ដាយ​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា សម្ដេច នរោត្តម សីហនុ។ លោក​យាយ​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​ព្រះអង្គ​ដឹកនាំ​ប្រទេស ប្រទេស​ជាតិ​រីក​ចម្រើន​គ្រប់​វិស័យ ហើយ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​សន្តិភាព និង​គ្មាន​ការ​ភ័យ​ខ្លាច។
ក្នុង​សំឡេង​យំ​ខ្សឹកខ្សួល​លាយ​ឡំ​ដំណក់​ទឹក​ភ្នែក លោក​យាយ ជុន ពៅ បន្ត​ថា អំណឹះ​ត​ទៅ នឹង​លែង​បាន​ជួប​ព្រះ​ភ័ក្ត្រ​របស់​ព្រះអង្គ​សម្ដេច​ឪ​ទៀត​ហើយ ហើយ​ប្រទេស​ជាតិ​ក៏​មិន​ដឹង​ជា​ទៅ​ជា​យ៉ាង​ណា​ទេ នា​ថ្ងៃ​អនាគត។ លោក​យាយ​ថា ក្នុង​ជំនាន់​សង្គម​រាស្ត្រ​និយម ក្រោម​ស្នា​ព្រះហស្ត​ដឹកនាំ​របស់​សម្ដេច​ឪ គឺ​ព្រះអង្គ​បាន​បើក​វេទិកា​ឲ្យ​សាធារណជន​ចោទ​សួរ និង​លើក​យក​កង្វល់​ដែល​ពលរដ្ឋ​ជួប​ប្រទះ ថ្វាយ​ព្រះអង្គ​ដើម្បី​ជួយ​កែ​លំអ និង​ជួយ​រក​យុត្តិធម៌។
ដូច​គ្នា​ដែរ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ ស៊ី ម៉ូលី មាន​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ដឹង​ឮ និង​ធ្លាប់​រស់នៅ​ក្នុង​សង្គម​ដឹកនាំ​ដោយ​សម្ដេច នរោត្តម សីហនុ បាន​សោកស្ដាយ​ដែល​ព្រះអង្គ​ឆាប់​សោយ​ទិវង្គត។ លោកស្រី​ឲ្យ​ដឹង​ថា ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​សម្ដេច សីហនុ ដឹកនាំ​ប្រទេស ការ​បញ្ចេញ​មតិ​នៅ​ចំពោះ​មុខ​ព្រះអង្គ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ភ័យ​ខ្លាច​ទេ ហើយ​ប្រទេស​ជាតិ​ក៏​រីក​ចម្រើន ពលរដ្ឋ​មាន​ការងារ​ធ្វើ មន្ត្រី​រាជការ​មាន​ប្រាក់​ខែ​ខ្ពស់ និង​រស់នៅ​ថ្លៃថ្នូរ។
លោក​យាយ អំ រឿន មាន​អាយុ​ជាង ៧០ឆ្នាំ ជា​មនុស្ស​វ័យ​ចំណាស់​ម្នាក់​ទៀត​ក្នុង​ចំណោម​មនុស្ស​វ័យ​ចាស់​រាប់​ម៉ឺន​ នាក់ បាន​យំ​រៀបរាប់​ក្នុង​កាយ​វិការ​លើក​ដៃ​សំពះ និង​បត់​ជើង​ផ្ទាល់​ដី តាម​វិថី​សហព័ន្ធរុស្សី ថា ជំនាន់​សម្ដេច​ឪ​ដឹកនាំ​ប្រទេស ប្រទេស​ជាតិ​រីក​ចម្រើន​គ្រប់​វិស័យ និង​គ្មាន​ចោរកម្ម​នោះ​ទេ។
នៅ​តាម​ដង​ផ្លូវ​សហព័ន្ធរុស្សី អ្នកស្រី សំ សត្យា ជា​គ្រូ​បង្ហាត់​របាំ​បុរាណ នៅ​សាលា​វិចិត្រសិល្បៈ និង​អតីត​អ្នក​រាំ​របាំ​បុរាណ​ថ្វាយ​អតីត​ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ បាន​ទ្រហោយំ និង​រៀបរាប់​ថា ព្រះអង្គ​មាន​ព្រះទ័យ​ល្អ និង​គិតគូរ​កូន​ចៅ​ព្រះអង្គ។ អ្នកស្រី​យំ​ស្តាយស្រណោះ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ លែង​បាន​រាំ​របាំ​បុរាណ​ថ្វាយ​ព្រះអង្គ​ជា​រៀង​រហូត គឺ​មាន​តែ​បួង​សួង​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​បាន​ដល់​ព្រះ​បរមសុខ។
មិន​ខុស​គ្នា​ទេ នាយិកា​សាលា​បឋម​សិក្សា​ស្រែញរ អ្នកស្រី វ៉ន ចន្ទធន ក៏​មាន​អារម្មណ៍​ក្រៀមក្រំ ដែល​អតីត​ព្រះមហាក្សត្រ​សោយ​ទិវង្គត។ អ្នកគ្រូ​ទទួល​ស្គាល់​ស្នា​ព្រះហស្ត​ដឹកនាំ​របស់​ព្រះអង្គ​កន្លង​មក នាំ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន និង​គ្មាន​ប្រទេស​ជិត​ខាង​រំលោភ​បំពាន​ទឹកដី​កម្ពុជា បាន​ទេ។
រីឯ​យុវតី ម៉ាន់ ចន្ទនិមល ជា​សិស្ស​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ ជាស៊ីម សន្ធរមុខ រាជធានី​ភ្នំពេញ ដែល​បាន​ឈរ​ចាំ​ទទួល​ព្រះបរមសព សម្ដេច​តាទួត នរោត្តម សីហនុ តាម​វិថី​សហព័ន្ធរស្សី រសៀល​ថ្ងៃ​ពុធ ទី១៧ ខែ​តុលា ឆ្នាំ​២០១២ កញ្ញា​ក៏​សោកស្ដាយ​ការ​សោយ​ទិវង្គត​របស់​សម្ដេច​តាទួត ដែល​ព្រះអង្គ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ដឹកនាំ​ប្រទេស​បាន​រុងរឿង​កន្លង​ មក ពិសេស​ការ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ឆ្នាំ​១៩៥៣។ កញ្ញា​ឲ្យ​ដឹង​ថា ការ​ដឹង​ឮ​ពី​សកម្មភាព​របស់​សម្ដេច​តាទួត ដឹកនាំ​ប្រទេស​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ពី​អតីតកាល ដោយ​សារ​កញ្ញា​ស្រាវជ្រាវ​ឯកសារ និង​សិក្សា​ច្រើន​ពី​ប្រវត្តិសាស្ត្រ​មេ​ដឹកនាំ​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។
ក្បួន​ដង្ហែ​ព្រះបរមសព អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ សម្ដេច​ឪ សម្ដេច​តា សម្ដេច​តាទួត ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​វិថី​សហព័ន្ធរុស្សី នា​វេលា​ម៉ោង ៤រសៀល ថ្ងៃ​ទី១៧ ខែ​តុលា បាន​តម្កល់​លើ​ព្រះ​ទីន័ង​រថយន្ត​បុស្បុក វិចិត្រ​រចនា​ដោយ​ផ្កាភ្ញី ត្រូវ​បាន​ហែហម​ដោយ​មហាជន​ក្មេង​ចាស់​ស្រី​ប្រុស ក្នុង​ទឹក​ចិត្ត​ក្រៀមក្រំ និង​រន្ធត់​គ្រប់ៗ​គ្នា។ ស្ទើរ​តែ​ទាំង​អស់​នៃ​ហ្វូង​មហាជន ពិសេស​មនុស្ស​វ័យ​ចំណាស់ បាន​យំ​ទួញ​សោក និង​លើក​ដៃ​ប្រណម​សំពះ មាន​កាន់​ផ្កា​ឈូក ធូប និង​ព្រះ​ឆាយាល័ក្ខណ៍​ផង នៅ​ពេល​ព្រះបរមសព ព្រះករុណា ឆ្លង​កាត់។
ក្បួន​ដង្ហែ​ព្រះបរមសព អតីត​ព្រះមហាក្សត្រ ចាប់​ពី​ប្រលាន​យន្តហោះ រហូត​ដល់​ព្រះបរមរាជវាំង គឺ​បាន​ឆ្លង​កាត់​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី រុក្ខវិថី​ក្រមួនស បត់​ស្តាំ​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះ​ទៅ​វិមានឯករាជ្យ បត់​ឆ្វេង​ទៅ​កាន់​មាត់​ទន្លេ និង​បត់​ឆ្វេង​តាម​មហាវិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង ដោយ​មាន​មហាជន​ឈរ​កក​កុញ​ចូល​រួម​ទទួល និង​ដង្ហែ​ព្រះបរមសព សម្ដេច​ឪ សម្ដេច​តា សម្ដេច​តាទួត ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -